««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

​សម្រែក​ប្តេជ្ញាចិត្ត​ទប់ស្កាត់​បទល្មើស​ព្រៃឈើរ​បស់​រដ្ឋាភិបាល លឺ​ខ្សោយ​ជាង​ឡាន​ដឹក​ឈើ​របស់ គង់ ក្រឹ​ង​

​រហូតមកទល់​ពេលនេះ មេ​ឈ្មួញ​ឈើ​ប្រចាំ​ស្រុក​ស្នួល នៃ​ទឹកដី​ខេត្ត​ក្រចេះ ដែល​គេ​ឲ្យ​រហស្សនាម​ថា ឧកញ៉ា ក្រឹ​ង ដែល​មាន​នាម​ដើម​ឈ្មោះ គង់ ក្រឹ​ង ឧ​ត្ត​មេសនី​យ៍​ពាក់​ផ្កាយ​មួយ​នោះ នៅ​មិនទាន់​បាន​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស យកទៅដាក់​ក្នុង​ទ្រុង តាម​អំណាច​បញ្ជា​របស់​សម្តេច​តេជោ នាយក​រដ​មន្ត្រី នៅឡើយ​ទេ ។ គេ​នៅតែ​ឃើញ​បុគ្គល​នេះ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ទឹកដី​កម្ពុជា​យកទៅលក់​នៅ​ប្រទេស​វៀតណាម គួរ​ឲ្យ​សង្វេគចិត្ត អាណិត​ដល់​សម្បត្តិ​ធម្មជាតិ គ្មាន​ពីរ​របស់​ខ្មែរ​ជា​ពន់ពេក ។​

​មហាជន​ខ្មែរ​បាន​មើលឃើញថា សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា អត់​មាន​នរណា​មួយ​ថ្លើមពាសមេឃ ហ៊ាន​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក នៃ​បទបញ្ជា​និង​ចង្អុលដៃ ចង្អុល​កន្លែង​ណា​ឆេះ​កន្លែង​ហ្នឹង​របស់​សម្តេច​តេជោ​នៃ​យើង​បាន​ឡើយ ។ ព្រោះ​ពេល​ខ្លះ សម្តេច​បាន​មានប្រសាសន៍ថា គ្រាប់​រ៉ុក្កែត​ដែល​រាជរដ្ឋាភិបាល​មាន គឺ​ងាយ​យក​ទៅ​បាញ់​ក្បាល​ពួក​បំផ្លាញ​ព្រៃឈើ​តែ​ម្តង បើ​ហ៊ាន​នៅតែ​រឹងទទឹង ។​

​ម្យ៉ាងវិញទៀត វា​ជា​ឧទាហរណ៍ មួយ​ដែល​ធ្វើឲ្យ​ក្រុមមិនសប្បាយចិត្ត​ជា​មួយ​រាជរដ្ឋាភិបាល​ធ្វើការ​រិះគន់​ក្នុង​ន័យ​ចំណេញ​នយោបាយ​របស់​ក្រុម​គេ​ថា សម្រែក​ប្តេជ្ញាចិត្ត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ របស់​រដ្ឋាភិបាល​លឺ​ខ្សោយ​ជាង​រណា​អារ​ឈើ​របស់​ក្រុម​ឈ្មួញ​ឈើ​ឆ្ងាយ​ណាស់ ។​

​ជា​ការកត់សម្គាល់​ជាក់ស្តែង បុគ្គល​ឈ្មោះ គង់ ក្រឹ​ង រកស៊ី​ឈើ​តាំង​ពី​ខ្លួន​នៅ​ជា​ទាហាន​កំប៉ិកកំប៉ុក រហូត​ឡើង​ផ្កាយ​ឡើង​ឧកញ៉ា លុយ​សល់​វាល់​ម៉ឺន​វាល់​លាន​ទៅ​ណា​មក​ណា គេ​គោរព​ឱន​លំទោន ឱប​ពង តាំងពី​ថ្នាក់​ក្រោម​រហូត​ទៅ​ដល់​ថ្នាក់លើ​អស់​ទៅហើយ ។ សួរថា នោះ​មិន​គឺ​ដោយសារ​ការរកស៊ី​បំផ្លាញ​សមុ្បត្តិ​ធម្មជាតិ​របស់​ដូនតា​ខ្មែរ​ទេ​ឬ​អី ? មិនមែន​ជា​ការ​ច្រណែន​ឃើញ​គេ​មានបាន​នោះ​ទេ ប៉ុន្តែ​បើ​ការ​មាន​បាន​ធ្វើ​មហាសេដ្ឋី​ដោយសារ​ការបំផ្លាញ​ឲ្យ​វិនាស​ហិនហោច​នូវ​សម្បត្តិ​ជាតិ​គ្មាន​ពីរ ហើយ​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​នាំគ្នា​ឈរ​ឱបដៃ​មើល និង​ចាំ​ទទួល​សំណែន​ពី​បុគ្គល​របៀបនេះ ពិត​ជា​គួរ​ឲ្យ​ស្រក់​ទឹកភ្នែក​ណាស់​សម្រាប់​ទឹក​ដី​សុវណ្ណ​ភូមិ​មួយ​នេះ ។ ដូច្នេះ ស្របពេល​ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ​កំពុងតែយ​ក​ចិត្ត​យក​ថ្លើម​ប្រជាពលរដ្ឋ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស សម្តេច​កំពុង​តែ​គិតគូរ​ដល់​ជីវភាព​កម្មករ កម្មការិនី និង​គណបក្សប្រឆាំង​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​នោះ សូម​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​មើល​ក្រុម​ដែល​គេ​ហៅថា កំពុង​បំផ្លាញ​ព្រៃឈើ​នេះ​ផង ជៀសវាង​មានការ​អាក់អន់ស្រពន់ចិត្ត​ពី​ប្រជារាស្ត្រ​ម្ចាស់ឆ្នោត ៕

 

kkk11

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.