««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

បើ​លោក គុណ ញឹម មេ​គយ​ធំ​ស្រុក​ខ្មែរ​មិន​ហ៊ាន​ប៉ះពាល់​លោក ឈុន សុភមង្គល មេ​គយ​បាត់ដំបង​បានទេ គួរតែ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ត្រូវ​ចាត់ការ​ម្តង​ហើយ​

បើ​និយាយ​ពី​ឈ្មោះ ឈុន សុភមង្គល អ្នកណា​ក៏​គេ​ស្គាល់​ដែរ ជាពិសេស ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹក​ទំនិញ​តាម​ផ្លូវជាតិ​លេខ​៥ នៃ​ទឹកដី​ខេត្ត​បាត់ដំបង ។ បុរស ឈុន សុភមង្គល គឺជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​មួយ​រយៈ​នេះ ត្រូវបាន​អ្នករកស៊ី​ដឹក​ទំនិញ​មួយចំនួន​បាន​ផ្តល់​ព័ត៌មាន​មក​ថា កំពុង​លេង​ល្បែង​កេងប្រវ័ញ្ច​បន្លំ​ប្រាក់ ពន្ធ​រដ្ឋ​ដូចជា​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ខុសច្បាប់ បង់ពន្ធ​មិន​គ្រប់ ចូល​តាម​ច្រករបៀង​នានា ក្នុង​ខេត្ត​បាត់ដំបង ឬ​ច្រក​ត្រង់​យ៉ាង​ពេញបន្ទុក ដើម្បី​ជាថ្នូ​នឹង​ផលប្រយោជន៍ របស់ខ្លួន ព្រមទាំង​បក្ខពួក ។ ករណី​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ត្រូវ​ខាតបង់​ពន្ធ​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ បញ្ហា​នេះ គេ​បាន​ចោទសួរ​ថា មិន​ដែល​លោក គុណ ញឹម មេ​គយ​ធំ​ប្រចាំ​ស្រុក​ខ្មែរ​និង​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​លុយ មិនដឹង​នោះ​ទេ ។​

​នៅ​មាន​ក្បាច់​បន្លំ​ប្រាក់​ពន្ធ​រដ្ឋ​ជាច្រើន​ករណី​ទៀត ដែល​លោក សុភមង្គល រូបនេះ និង​បក្ខពួក​កំពុងតែ​ប្រព្រឹត្តទៅ​តាម​ជំនាញ​របស់​ពួកគេ​។ ដូចជា​គ្រឿងបន្លាស់​រថយន្ត ម៉ូតូ សំបក​កង់​រថយន្ត សំបក​កង់​ម៉ូតូ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កំរិត​ខ្ពស់ បែរ​ជា​លោក ឈុន សុភមង្គល ឃុបឃិត​ជាមួយ​ឈ្មួញ​បន្លំ​ប្រភេទ​ទំនិញ​ដោយ​ដាក់​ក្នុង​ឯកសារ​ជា​ទំនិញ​ចំរុះ ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កំរិត​ទាប ដែល​មាន​ការបង់​ត្រឹម​ពី ៣០ ទៅ ៤០% ប៉ុណ្ណោះ ។ ក្រៅពីនេះ ត្រូវ​ធ្លាក់​ក្នុង​ហោប៉ៅ លោក​មេ​សាខាគយ​បាត់ដំបង ឈ្មោះ ឈុន សុភមង្គល និង​បក្ខពួក​យ៉ាង​ត្រជាក់ចិត្ត ។ អញ្ចឹង ហើយ បានជា​មួយខែៗ លោក មង្គល សល់​លុយ​ច្រើនសន្ធឹក​សន្ទាប់ ក្នុង​ការទិញ​ទឹកចិត្ត​ដែល​មាន​លក្ខណៈ​សំណូក​ក្រៅ​វិក្ក័យប័ត្រ ទៅ​បិទមាត់​អ្នកសារព័ត៌មាន​ខ្លះ និង​ទប់​តំណែង​មេៗ​ខាងលើ មិន​ឲ្យ​រង្គើ​កៅអី​របស់ខ្លួន​ឡើយ ។​

​បច្ចុប្បន្ននេះ អំពើពុករលួយ​របស់​លោក សុភមង្គល​និង​បក្ខពួក​កាន់តែ​មាន​សកម្មភាព​គ​គ្រឹក​គគ្រេង ផុលផុស ជាង​មុន​ដោយ​ពេល​ខ្លះ ពួកគេ​បាន​បើកដៃ​ឲ្យ​ឈ្មួញ​ដែល​ដឹក​ទំនិញ​ពី​ខាង​ទឹកដី​សៀម​ចូល​មក​ដី​ខ្មែរ​ជា​រៀងរាល់ថ្ងៃ ជាពិសេស ពេល​ម៉ោង​ទាបភ្លឺ​ក៏​មាន​ដែរ ដែល​ជា​អំពើ​ខុសឆ្គង​ធ្ងន់ធ្ងរ ព្រោះ​វា​ខុស​ទៅ​នឹង​ម៉ោង​រដ្ឋបាល​ដែល​នេះ​គេ​ហៅថា ជាការ​គេចពន្ធ​យ៉ាង​ចំហរ ។​

​មានការ​ឲ្យដឹង​ពី​មន្ត្រី​គយខ្លះ ដែល​គេ​មិន​សប្បាយ​ច​តិ្ត​នឹង​លោក មង្គល បានឲ្យដឹងថា ច្រក​នាំចូល​ទំ​នី​ញ​ដូចជា​ច្រក​អូរ​រំដួល អូរ​អន្លក់ សំពៅ​លូន ជាដើម ដែល​ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន សុទ្ធតែ​ត្រូវបាន​ឈ្មួញ​ទំនិញ​ដឹក​ចូល​ពី​ប្រទេស​សៀម​ចូលមក​ប្រទេស​ខ្មែរ ដែល​មាន​លក្ខណៈ​ជា​ទំនិញ​បង់ពន្ធ​កំរិត​ខ្ពស់ ត្រូវបាន​មេ​សាខាគយ​ខេត្ត​និង​បក្ខពួក​បង្វិល​ទៅជា​ទំនិញ​ចំរុះ បង់ពន្ធ​តែ​ពាក់កណ្តាល​ក្នុង​រូបភាព​ដដែល​ជា​ដដែល ។

​ករណីនេះ បើ​លោក​ធំ​ក្តោប​ក្តាប់​គយ​ម៉ា​ស្រុក​ខ្មែរ មិន​អាច​ប៉ះពាល់​លោក ឈុន សុភមង្គល មេ​សាខាគយ​ខេត្ត​បាត់ដំបង​បាន​ទេ គួរតែ​លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មេ​ខាង​កំចាត់​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​បុគ្គល និង​បក្ខពួក​ខាង​លើ​ផង ព្រោះ​វា​ជា​អំពើ​ស៊ី​រូង​សរសៃឈាម​ជាតិ​យ៉ាង​អាក្រក់​អាក្រី​បំផុត ដែល​ត្រូវតែ​កំចាត់​ចោល កុំ​ចាំ​អី​បន្តិច​ច្រានចោលៗ ថា​ជា​ព័ត៌មាន​មិន​ពិត​នោះទេ ។​

​រាល់​ព័ត៌មាន​ខាងលើ​នេះ សារព័ត៌មាន អព្យាក្រឹត​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក សុភមង្គល​បានទេ ព្រោះ​ទូរស័ព្ទ​របស់​លោក​ជាប់​រវល់​រហូត !៕

 

mangkulb

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.