ការដែលតំនាងប្រជាពលរដ្ឋប្តឹងក្រុមអ្នកកាសែត ១ ក្រុម ដែលដើរអុកឡុក តាំងខ្លួនជាសមត្ថកិច្ចខុសពីវិជ្ជាជីវៈ អ្នកសារព័ត៌មាននេះ យើងគិតថា ជារឿងមួយដែលប្រជាពលរដ្ឋទ្រាំនឹងទង្វើរបស់អ្នកកាសែតទាំងនោះលែងបាន ដែលសូម្បីតែអ្នកកាសែតដូចគ្នា ក៏គេមិនគាំទ្រនឹងទង្វើខុសឆ្គងនេះដែរ ។
សូមបញ្ជាក់ថា តាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News បានឲ្យដឹងថា តំនាងប្រជាពលរដ្ឋ ១៤៩ គ្រួសារ ស្ថិតនៅក្រុម ៥ ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ មេសា ២០១៩ ដោយចោទថា ញុះញង់បន្ទាប់ពីបុគ្គលដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មានទាំងនោះបានធ្វើការចុះផ្សាយនៅលើ Facebook អំពីដីធ្លីនៅតំបន់នេះ ដែលពលរដ្ឋចាត់ទុកថាជាការបំភ្លៃខុសពីការពិត ។
តាមការឲ្យដឹងពីក្រុមប្រជាពលរដ្ឋ ដែលប្តឹងក្រុមអ្នកកាសែតដែលដើរធ្វើសកម្មភាពខុសពីវិជ្ជាជីវៈជាអ្នកសារព័ត៌មានទាំងនោះ រួមមាន ឈ្មោះ ហ៊ុន សុខា មេធំខាងដើរអុកឡុក ឈ្មោះ ខៀវ ប៉ូឡូ ឈ្មោះ ណុប សុខុម ឈ្មោះ រេច សុខន ឈ្មោះ ឯក រដ្ឋា និងបក្ខពួកមួយចំនួនទៀត ។
ក្រុមប្រជាពលរដ្ឋបានប្តឹងចោទប្រកាន់អ្នកកាសែតដែលជាសមាគមត្បាញអាយទាំងនោះ ចំនួន ៣ បទល្មើស រួមមាន សមគំនិត មាត្រា ២៩ បទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទញុះញង់ ឲ្យមានការរើសអើងដែលប្រព្រឹត្តនៅទីតាំងខាងលើ ។ កន្លងមក សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់ធ្វើការព្រមានទៅលើអ្នកសារព័ត៌មានមួយចំនួន ដែលតាំងខ្លួនជាសមត្ថកិច្ច រួមមានការទៅឃាត់ឡានដឹកឈើជាដើម ។ ក្នុងនាមជាអ្នកកាសែតដែរនោះ យើងខូមឲ្យច្បាប់ចាត់ការទៅលើអ្នកសារព័ត៌មានណាក៏ដោយ ឲ្យតែធ្វើទង្វើប្រាស់ចាកពីវិជ្ជាជីវៈរបស់ខ្លួន ដូចជាក្រុម ហ៊ុន សុខា នេះជាដើម សូមឲ្យមានការដាក់ទោសទន្តទៅតាមកម្រិតទោសរបស់ពួកគេ ដើម្បីតម្រង់ទិសអ្នកកាសែតដទៃ ឲ្យដើរក្នុងផ្លូវត្រឹមត្រូវតាមច្បាប់របស់ប្រទេស ៕