««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

ទីបំផុត លោក យី ថុល មេ​គយ​ប៉ុស្តិ៍​ព្រែក​ចាក​សម្រេច​ប្តឹង ហ៊ុន សុខា និង​គូកន ទៅ​តុលាការ ទាមទារ​សំណង ១០ ម៉ឺន​ដុល្លារ​

សកម្មភា​ពច្រ​ង៉េង​ច្រ​ង៉ាង របស់​បុគ្គល​ឈ្មោះ ហ៊ុន សុខា ដែល​គេ​ស្គាល់​ថា​ជា នាយក​ការផ្សាយ​ព័ត៌មាន​ប្រជាជន​កម្ពុជា (CPNTV) និង​ជា​ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ ព្រមទាំង​គូកន ដែល​បាន​ចុះ​ទៅ​ថត​ជា​លក្ខណៈ​វីដេអូ កាលពី​ថ្ងៃ​ទី ២៨ ឧសភា ២០១៩ ស្ថិត​នៅ​បរិវេន​ប៉ុស្តិ័​ព្រែកចាក ព្រំប្រទល់​កម្ពុជា វៀតណាម ក្នុង​ខេត្ត​កំពត រហូត​មាន​ការ​ប្រទូស្ត​រ៉ា​យ​ជាមួយ​មេ​គយ ព្រែក​ចាក ធ្វើឲ្យ​មាន​ការរិះគន់​ពី​មហាជន អ្នកលេង​បណ្តាញ​សង្គម Facebook ដែល​សូម្បី​លោក​រដ្ឋមន្ត្រី ខៀវ កាញារិទ្ធ ក៏​មិន​គាំទ្រ​ផង​នោះ ពេលនេះ លោក យី ថុល មេ​គយ​ប៉ុស្តិ៍​ព្រក​ចាក​បានសម្រេច​ប្តឹង​បុគ្គល​ឈ្មោះ ហ៊ុន សុខា ព្រមទាំង​បក្ខពួក​ទៅកាន់​តុលាការ​ហើយ ។​

​បើ​យោង​តាម​ពាក្យបណ្តឹង លោក យី ថុល បាន​ចោទប្រកាន់​ទៅលើ​អ្នក​យក​ព័ត៌មាន ទាំងនោះ ពីបទ «​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​» បទ ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ទៅ​ក្នុង​ការ​បំពេញមុខ​ងារ​សាធារណៈ ។ លោក យី ថុល បាន​ប្តឹង​ទាមទារ​សំណង​ពី​ក្រុម​អ្នកយក​ព័ត៌មាន​ទាំងនោះ ចំនួន ១០ ម៉ឺន​ដុល្លារ ។​

​មន្ត្រី​គយ​រូបនេះ​បាន​បញ្ជាក់​ទៅកាន់​ព្រះរាជអាជ្ញា​ថា ក្រុម​អ្នក​យក​ព័ត៌មាន​ខាងលើ​បាន​ចូល​មក​លួច​ថត​ជា​វីដេអូ ពាសពេញ​បរិវេណ​ទីតាំង​ត្រួតពិនិត្យ​ដែន​សមត្ថកិច្ច​គយ និង​រដ្ឋាករ​ព្រែក​ចាក ដោយ​បាន​ថត​និង​ចូល​ឆែកឆេរ​ទំនិញ ដែល​ស្តុក​ទុក​នៅ​ក្នុង​ទីលាន​ត្រួតពិនិត្យ​ទំនិញ​សមត្ថកិច្ច​គយ ហើយ​និយាយ​មួលបង្កាច់​ថា មន្ត្រី​គយ​ពុករលួយ មិន​បាន​ត្រួតពិនិត្យ​ទំនិញ និង​នាំ​ទំនិញ​គ្មាន​គុណភាព​ចូលមក​ប្រទេស​កម្ពុជា ដោយ​ឥត​ច្បាប់​ទំលាប់ ។​

​ឥឡូវនេះ លោក ខៀវ កាញារិទ្ធ ក៏​បាន​ឲ្យ​ភ្លើង​ខៀវ​មក​ថា មន្ត្រី​អាជ្ញាធរ​អាច​ប្តឹង​ទៅ​លើ អ្នកកាសែត​ទាំងនោះ​ពាក់ព័ន្ធ​ទៅនឹង​ការប្រមាថ ខណៈ​ដែល​ពួកគេ​កំពុង​បំពេញ​ភារកិច្ច​របស់​ខ្លួន ។​

​គួរបញ្ជាក់​ថា កន្លងមក លោក ហ៊ុន សុខា និង​បក្ខពួក​ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​ព្រៃនប់ ប្តឹងទៅ​តុលាការ​ផងដែរ ដោយសារ​ក្រុម​បុគ្គល​ទាំងនេះ ដើរតួនាទី​លើសពី​អ្នកកាសែត ដែល​បញ្ហា​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ធ្លាប់បាន​ព្រមាន​ហើយ​ថា ធ្វើ​ជា​អ្នកកាសែត សូម​កុំ​តាំងខ្លួន​ជា​សមត្ថកិច្ច​ផង និង​ជា​តុលាការ​ផង ។​

​ក្រុមអ្នកកាសែត​ដែល​លោក យី ថុល ប្តឹង​រួមមាន ៖
១-​លោក ហ៊ុន សុខា ជា​ប្រធាន ព័ត៌មាន​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ និង​ជា​នាយក​ការផ្សាយ​ព័ត៌មាន​ប្រជាជន​កម្ពុជា (CPNTV)
២-​លោក ច​ន យូ​ដេត ជា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​
៣-​លោក ស៊ា​ង ប៊ុន​សុង ជា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​
៤-​លោក ទុំ ឆោម ជា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​
៥-​លោក ប៉ែន រ៉ា ជា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​
៦-​លោក កែវ សុផាត ជា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​
៧-​លោក ជា ពេជ្រ ជា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​
៨-​លោក អ៊ុត ប៊ុនធឿន ជា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​
៩-​និង​បក្ខពួក​ដែល​មិន​ស្គាល់ឈ្មោះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.