««រនោចខែភ្លឺ គោះជួងលែងលឺ អំពៅអត់ថ្នាំង»»

0

តើព្រៃឈើ​ខេត្តរតនគីរី​នៅ​គង់វង្ស​យូរ​ប៉ុណ្ណា បើសិប្បកម្ម​ឈើ​សំបូរ​បែបនេះ ?

តាមប្រភពព័ត៌មាន​ពីខេត្ត​រតនគីរី បាន​ឱ្យ​ដឹងថា គេសង្កេត​ឃើញ​មាន​ផ្ទះ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ជាច្រើន កន្លែង កំពុងធ្វើ​អាជីវ​កម្មយ៉ាងគគ្រឹកគគ្រេង ស្ទើរតែទូទាំងខេត្ត ដោយ​ភាគច្រើន​ផ្ទះសិប្បកម្មគ្មានច្បាប់អនុញ្ញាតឱ្យ ធ្វើអាជីវកម្មនោះទេ ។

ខេត្តរតនគីរីជាតំបន់ស្ថិតនៅភូមិភាគឦសាន ដែលគេដឹងយ៉ាងច្បាស់ថា ជាទឹកដីសំបូរទៅដោយភោគផល ធនធានធម្មជាតិ ពិសេស​ព្រៃឈើ ដែលជាទ្រព្យសម្បត្តិបៃតងមិនអាចកាត់ថ្លៃបាន ។ ប៉ុន្តែឥឡូវនេះត្រូវទទួលរងនូវ ការកាប់បំផ្លិចបំផ្លាញពីជនអគតិ និងឈ្មួញមួយចំនួនក្នុងការបំរើផលប្រយោជន៍របស់ខ្លួនឯងផ្ទាល់ ។ ដោយមើល ឃើញបែបនេះ ទើបក្នុងទឹកដីខេត្ត​រតនគីរី​សំបូរ​ទៅ​ដោយផ្ទះសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ទោះបីជាគ្មានច្បាប់ អនុញ្ញាតក៏គ្មានបញ្ហានោះដែរ ព្រោះអាជ្ញាធរដែល​ពាក់ព័ន្ធ​មិន​ខ្ចី​យកភ្នែកមើល ឬបង្កការលំបាកដល់ពួកម្ចាស់ផ្ទះ សិប្បកម្មឈើទាំងនោះឡើយ ។

ជាក់ស្តែងផ្ទះសិប្បកម្មឈើអត់ច្បាប់ដ៏ធំមួយ មានទីតាំងស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ម្ចាស់​ឈ្មោះ ទៀង ជាជនជាតិវៀតណាម បានធ្វើអាជីវកម្មអារ និងច្នៃឈើអស់រយៈពេល ជាយូរមកហើយ មិនដែលឃើញអាជ្ញាធរ​ណា​មួយចុះមករំខានដល់គេនោះទេ ពោលគឺបណ្តោយឱ្យគេរកស៊ីយ៉ាង រំភើយឥតខ្វល់ខ្វាយ នឹងអ្នកណាទោះ​ជាគ្មាន​ច្បាប់ក៏មិនជា​បញ្ហាដែរ ។

ចំណែកផ្ទះសិប្បកម្មកែច្នៃឈើមួយកន្លែងទៀត ដែលម្ចាស់ឈ្មោះ បេ ជាជនជាតិវៀតណាមមានទីតាំងស្ថិត នៅភូមិ១ អភីវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី បាននឹងកំពុងធ្វើអាជីវកម្មរបស់ខ្លួន ដោយមិនចាញ់នឹងម្ចាស់​សិប្បកម្មដទៃ​ទៀត​នោះឡើយ ។ មិនតែប៉ុណ្ណោះម្ចាស់សិប្បកម្មដែលគេស្គាល់ថា ឈ្មោះ បេ អះអាងឱ្យភ្នាក់ងារយកព័ត៌មានយើងដឹងថា ទីតាំង​សិប្ប​កម្មនេះ គឺត្រូវបានជំនាញរដ្ឋបាលព្រៃឈើបានអនុញ្ញាត ច្បាប់ឱ្យធ្វើអាជីវកម្ម ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី នៅមិនទាន់បញ្ជាក់​ច្បាស់​ថា មន្ត្រីរដ្ឋបាលព្រៃឈើណាមួយជាអ្នកចេញច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មផងដែរ ។

ទន្ទឹមនឹងនេះ ខេត្តរតនគីរីដែលជាទឹកដីរីកដុះដាលខ្លាំងលើផ្នែកសិប្បកម្មកែច្នៃឈើ មានផ្ទះសិប្បកម្មមួយ កន្លែងទៀត ដែលគ្មាន​ពាក់ស្លាកយីហោ បែរជាសុខចិត្តជ្រកក្រោមស្លាកគណបក្សប្រជាជនកម្ពុជា ដែលបានដាក់តាំង នៅពីមុខទីតាំងសិប្បកម្មរបស់ខ្លួន ។ លើសពីនេះទៀត ម្ចាស់សិប្បកម្មដែលជ្រកក្រោមស្លាកគណបក្សប្រជាជន ដែលគេស្គាល់ឈ្មោះថា ហួន មានតួនាទីជា​ប្រធាន​ភូមិថ្មី ដែលទើបនឹងឡើងកាន់តំណែង ក៏ធ្វើអាជីវកម្មលើសិប្បកម្ម កែច្នៃឈើចាស់វស្សាមកហើយដែរ មិនដែលមាន​ឧបសគ្គ​មករាំង​ស្ទះឬបង្កការលំបាកដល់ពួកគេ និយាយរួមដំណើរការបានយ៉ាងរលូនតែម្តង ។

ទាក់ទិងនឹងការរីករាលដាលដូចផ្សិតលើសិប្បកម្មកែច្នៃឈើលើទឹកដីខេត្តរតនគីរីនេះ សង្កេតឃើញស្ថាប័ន ដែលពាក់ព័ន្ធ ពិសេស​អាជ្ញាធររដ្ឋបាលព្រៃឈើ ហាក់ដូចជា ព្រងើយកន្តើយចំពោះបញ្ហានេះដោយបណ្តោយឱ្យសិប្ប កម្មកែច្នៃឈើរីកដុះ​ដាល​យ៉ាង​គឃ្លើន​លើទឹកដីរបស់ខ្លួន ។ គួរនៅចាំថា កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បានចាត់នូវចំណាត់ការដ៏តឹងរ៉ឹងបំផុត ក្នុងការបង្ក្រាបក៏ដូចជា ទប់ស្កាត់រាល់អំពើកាប់បំផ្លាញព្រៃឈើ ។ ជាមួយគ្នានេះដែរ ក៏បានរបូតបុណ្យស័ក្តិមន្ត្រីធំៗរបស់រដ្ឋបាលព្រៃឈើ ទៀតផង ។

ដូចនេះរឿងអីបានជាអាជ្ញាធររួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តរតនគីរី បណ្តោយឱ្យសិប្បកម្មកែច្នៃឈើ កាន់តែកើតច្រើនឡើងៗក្នុងតំបន់របស់ខ្លួនទៅវិញ ? ឬមួយក៏ភ្លេចនូវអនុសាសន៍ ក៏ដូចជា ចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចនាពេលកន្លងមកហើយ ឬក៏ចង់ផ្គើននឹងសម្តេច ?

ជាការពិតណាស់ កាលណាមានកន្លែងសិប្បកម្មកែច្នៃឈើច្រើននោះ នឹងនាំឱ្យតម្រូវការកាប់បំផ្លាញព្រៃឈើ ក៏កាន់តែមាន​អត្រា​កើនឡើងខ្ពស់ ដែលជាបុព្វហេតុធ្វើឱ្យព្រៃឈើក្នុងប្រទេសកម្ពុជា កាន់តែហិនហោចទៅៗជាក់ជាមិនខាន ។

ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនមិនអាចទំនាក់ទំនងធ្វើការបកស្រាយ ពាក់ព័ន្ធនឹងរោងសិប្បកម្ម​កែច្នៃឈើដែល​រីករាល​ដាលយ៉ាងគឃ្លើននៅលើទឹកដីរបស់លោកបានទេ ៕

apk2014_01_28e apk2014_01_28f

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គម, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment

© 2019 អព្យាក្រឹត | Apyeakroet. All rights reserved. XHTML / CSS Valid.